ក្រសួងការបរទេសកម្ពុជា អំពាវនាវសហគមន៍អន្តរជាតិ ឱ្យយកចិត្តទុកដាក់ សកម្មភាពគឃ្លីន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងភូមិព្រៃចាន់ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

ក្រសួងការបរទេសកម្ពុជា អំពាវនាវសហគមន៍អន្តរជាតិ ឱ្យយកចិត្តទុកដាក់ សកម្មភាពគឃ្លីន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងភូមិព្រៃចាន់

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពគឃ្លីន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយអំពាវនាវសហគមន៍អន្តរជាតិ ជាពិសេសអាស៊ាន និងបណ្តាដៃគូពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់លើការវិវត្តដ៏គួរឱ្យព្រួយបារម្ភទាំងនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន  ទទួលបាន។

យោងតាមរបាយការណ៍ដែលអាចទុកចិត្តបាន ទាហានថៃដែលប្រដាប់ដោយខែលការពារ ដំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ព្រមទាំងប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋ កម្ពុជា នៅភូមិព្រៃចាន់។ ក្រសួងការបរទេស បានចាត់ទុកថា សកម្មភាពទាំងនេះ បានបណ្តាលឱ្យមានរបួសដល់ជនស៊ីវិលជាច្រើននាក់ រួមទាំងព្រះសង្ឃផងដែរ នៅក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយប្រជាពលរដ្ឋកម្ពុជា ដែលកំពុងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួន ដោយសន្តិវិធី។ សកម្មភាពបំភិតបំភ័យ ដែលពុំអាចទទួលយកបាននេះ រួមជាមួយនឹងការក្នង់ដោយអាវុធពិតទៅលើជនស៊ីវិល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាទៅលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបទដ្ឋានមនុស្សធម៌។

បើតាមក្រសួងការបរទេស ជនស៊ីវិលកម្ពុជា ដែលគ្មានអាវុធ និងកំពុងរស់នៅដោយសន្តិភាពលើទឹកដីដូនតារបស់ខ្លួន មិនត្រូវទទួលរងនូវការគំរាមកំហែង ការរំខាន ឬអំពើហិង្សា ដូច្នេះឡើយ។ ការបង្កហេតុជាបន្តបន្ទាប់មកលើកម្ពុជា ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មិនត្រឹមតែប៉ះពាល់ដល់បទឈប់បាញ់ដ៏ផុយស្រួយនៅតាមបណ្តោយព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងពីរ ក្នុងការដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី និងយន្តការចរចានានា។

សេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទូចឱ្យកងកម្លាំងប្រដាប់អាវុធថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពអរិភាពបែបនេះ អនុវត្តការអត់ធ្មត់ជាទីបំផុត និងធានាថា ទាហានរបស់ខ្លួន គោរពយ៉ាងពេញលេញនូវអធិបតេយ្យ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ កម្ពុជា សូមអំពាវនាវបន្ថែមទៀតដល់សហគមន៍អន្តរជាតិ ជាពិសេសអាស៊ាន និងបណ្តាដៃគូពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់លើការវិវត្តដ៏គួរឱ្យព្រួយបារម្ភទាំងនេះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាសម្តៅទប់ស្កាត់ការកើនឡើងនៃភាពតានតឹងបន្ថែមទៀត»។

កម្ពុជានៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះ ព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ច្បាប់អន្តរជាតិ និងស្មារតីសាមគ្គីភាពរបស់អាស៊ាន។ កម្ពុជាបានគូសបញ្ជាក់យ៉ាងខ្ជាប់ខ្ជួនថា កិច្ចសន្ទនា និងការចរចា គឺជាមាគ៌ាឆ្ពោះទៅមុខ ដែលអាចធ្វើបានតែមួយគត់ តាមរយៈការប្រើប្រាស់យន្តការ ទ្វេភាគីឱ្យបានពេញលេញ ដូចជា គណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ (RBC) និងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ប្រកបដោយការស្ថាបនា។

កម្ពុជាក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិធានការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌ និងការការពារជនស៊ីវិលនៅតាម បណ្តោយព្រំដែន ខណៈបដិសេធនូវរាល់សកម្មភាពទាំងឡាយណា ដែលអាចបង្កើនភាពតានតឹង។ តាមរយៈការផ្តល់អាទិភាពដល់មធ្យោបាយការទូត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ កម្ពុជាប៉ងប្រាថ្នាឱ្យជម្លោះត្រូវបានដោះស្រាយតាមរយៈការយោគយល់គ្នាទៅវិញទៅមក ដោយលើកកម្ពស់ ស្ថិរភាព និងភាពសុខដុមរមនា សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

No comments:

Post a Comment

Pages