(ព្រះវិហារ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកអំណោយជាង១០០មុខ ប្រគល់ជូនវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម។
ក្នុងជើងទី១នេះ អំណោយចម្រុះជាង១០០មុខ ដែលបានមកពីទឹកចិត្តសប្បុរសជន និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសចេញពីតំបន់ប្រឈមមុខគ្នា ដោយអាវុធពីការឈ្លានពានយ៉ាងគឃ្លើនរបស់ទាហានថៃ មកលើអធិបតេយ្យភាពកម្ពុជា នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម។
អំណោយទាំងអស់នេះ ត្រូវបានលោក ឯក ឃុនដឿន អភិបាលរងរាជធានីតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំទៅប្រគល់ជូនដល់លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ សម្រាប់ផ្ដល់ដល់មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ក្រោមការទទួលពីអាជ្ញាធរខេត្ត ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀស ចេញ ពីផ្ទះសម្បែងចំនួន ៣,៧៤៨គ្រួសារ ស្មើនឹង ១២,៧២២នាក់។
អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនាពេលនេះ រួមមាន៖ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ភួយមុង កន្ទេល បន្លែ ត្រីសាច់ និងសម្ភារប្រើប្រាស់ផ្សេងៗជាច្រើនទៀត សរុបទាំងអស់ ចំនួន១០៣មុខ។
លោក ឯក ឃុនដឿន ក្នុងនាមជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសជននៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកធនធាន តាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុងជម្លៀសចេញ ពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ សូមអរគុណនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនក្នុងស្មារតីខ្មែរ ជួយខ្មែរ។
តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះវិហារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មាន ប្រជាពលរដ្ឋ ចំនួន៦ឃុំ ក្នុងចំណោម៨ឃុំនៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីឃុំ សរុបចំនួន ១១,៥៥៨គ្រួសារ ស្មើនឹង ២៧,០៥៣នាក់ ក្នុងនោះបងប្អូនមួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ។ ប្រជាជនបានមកទីតាំងមានសុវត្ថិភាព ចំនួន ១៥កន្លែង ទូទាំងខេត្តព្រះវិហារ ចំនួន ៥,៨៥៥គ្រួសារ ស្នើនឹង ១៩,៩៤៣នាក់។ ដោយឡែកនៅ មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម សរុបមានចំនួន ៣,៧៤៨គ្រួសារ ស្មើនឹង ១២,៧២២នាក់។
ក្នុងឱកាសនោះដែរ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់ឱ្យតំណាងអភិបាលរងរាជធានីមួយរូប នាំយកអំណោយរបស់ប្រជាពលរដ្ឋ និងសប្បុរសជនក្នុងរាជធានីភ្នំពេញ មកផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើមនេះ។ នេះពិតជាបានបង្ហាញឱ្យឃើញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរ ស្រលាញ់ខ្មែរ ៕
No comments:
Post a Comment